សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ ការវិនិយោគនៅកម្ពុជា
សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា
នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ ឯកឧត្តមប្រធានបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។
សម្ដេចបវរធិបតី និងឯកឧត្តប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កសិកម្ម និងកសិ-ឧស្សាហកម្ម, អប់រំ, បច្ចេកវិទ្យា, ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ, ផ្សារទំនេីប ជាដើម។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា៕