លោកជំទាវ ហ៊ុន ម៉ាណា ឌី វិជ្ជា បានអញ្ចើញចុះប្រគល់ អំណោយផ្ទះទេវតា ១ខ្នង ជូនដល់គ្រួសារ ក្មេងកំព្រា ២នាក់បងប្អូន រស់នៅជាមួយជីដូន ដែលខ្វះខាតក្នុងជីវភាព នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
លោកជំទាវ ហ៊ុន ម៉ាណា ឌី វិជ្ជា បានអញ្ចើញចុះប្រគល់អំណោយផ្ទះទេវតា ១ខ្នង ជូនដល់គ្រួសារ ក្មេងកំព្រា២នាក់បងប្អូន រស់នៅជាមួយជីដូន ដែលខ្វះខាតក្នុងជីវភាព នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ ចុះប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនដល់គ្រួសារក្មេងកំព្រា២នាក់បងប្អូន រស់នៅជាមួយជីដូន ដែលខ្វះខាតក្នុងជីវភាព នៅភូមិព្រៃបុស ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងស្ថានភាពជាក់ស្តែង ក្មួយស្រីឈ្មោះ លី ហ្សា អាយុ១២ឆ្នាំ កំពុងរៀនថ្នាក់ទី៤ និងប្អូនប្រុសឈ្មោះ ម៉ា តូ អាយុ១០ឆ្នាំ រៀនថ្នាក់ទី១ ជាកូនកំព្រាដែលឪពុកម្តាយដែលបានលែងលះគ្នា និងមានប្តីប្រពន្ធរៀងៗខ្លួន ទៅរស់នៅរកការងារធ្វេីនៅប្រទេសថៃ មិនដែលផ្តល់ដំណឹងមកគ្រួសារតាំងតែពីក្មួយប្រុសមានអាយុបាន៦ខែ។ ក្មួយកំព្រាទាំងពីរនាក់បងប្អួននេះ រស់នៅជាមួយយាយបង្កេីតឈ្មោះ សាយ ញ៉ អាយុ៥២ឆ្នាំ ជាស្ត្រីមេម៉ាយ ដោយរស់នៅជួបការលំបាកយ៉ាងខ្លាំង។
ក្នុងឱកាសនេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់ពីប្រគល់ផ្ទះទេវតារួច លោកជំទាវនិងក្រុមការងារក៏បាននាំយកអំណោយមកផ្ដល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតមួយគ្រួសារទៀត ដែលស្ថិតនៅក្បែរផ្ទះទេវតានេះដែរ។ លោកជំទាវបានផ្ដល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារដែលជួបការលំបាកនេះ។
បន្ទាប់មកលោកជំទាវក៏បានអញ្ជើញធ្វើដំណើរមកកាន់សាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលនូវភាពខ្វះខាតការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានចែកជូននូវសម្ភារៈសិក្សាជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលានេះផងដែរ៕