លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការ យល់ដឹងស្តីពី មេរោគអេដស៍ នៅខេត្តតាកែវ
អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ ទទួលបានអំណោយ និងការយល់ដឹងបន្ថែមស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ។
អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួចទាំង ១២៥គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំផ្សព្វផ្សាយ ក្រើនរំលឹកពីការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ ជាពិសេសការថែទាំសុខភាពបឋម និងចំណេះដឹងផ្សេងៗទាក់ទងនឹងប្រធានបទខាងលើ។ ជាមួយនឹង ចំណេះដឹងដែលទទួលបានពីការអប់រំផ្សព្វផ្សាយខាងលើនេះ គ្រួសារនីមួយៗក៏ទទួលបានអំណោយជួយសម្រាលការលំបាក ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២ម៉ឺនរៀល៕